PTH÷ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពបើកដោយ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ ២១ស្ថាប័ន ឯកឧត្តមអគ្គនាយកនិងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត នាយករដ្ឋបាល ប្រធានអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌ តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធ ដែលមានទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធZOOM ចំនួនប្រមាណ ៤៤០នាក់។ សូមជម្រាបជូនថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ធ្វើការបូកសរុបលទ្ធផលនិងវាយតម្លៃការអនុវត្តការងារឆ្នាំ២០២៥, ការលើកឡើងអំពីបញ្ហាប្រឈមនិងសំណើសំណូមពរនានា និងដាក់ចេញទិសដៅនិងវិធានការសម្រាប់អនុវត្តបន្តឆ្នាំ២០២៦៕













