ភ្នំពេញទាន់ហេតុការណ៍: នៅថ្ងៃ ចន្ទ ១២កើត ខែអាសាឍឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥ សេចក្ដីបំភ្លឺព័ត៌មានអគ្គនាយកដា្ឋនអន្តោប្រវសន៍ មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយ ចំនួន លើកឡើងថា “សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន”។ ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចតទៅ៖១. យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីនគរបាលអន្តោប្រវេសន៍មាន សមត្ថកិច្ច អាចបដិសេធការចូល ឬការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាម្នាក់ដែលមិនបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ជាអាទិ៏ ប្រវត្តិនៃការធ្វើដំណើរ ឬ គោលបំណងនៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុងរយៈពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរមានសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ ជឿថានឹងប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ-អន្តរជាតិ។ល។២. ម្យ៉ាងទៀត ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កេតឃើញថា មានជនបរទេសមួយចំនួនមាន ការសង្ស័យពាក់ព័ន្ធការប្រពឹត្តបទល្មើសមកពីប្រទេសផ្សេងៗ ប៉ុនប៉ងចូលមកព្រះរាជាណាចក្រកម្ពុជា កើនឡើងគួរឲ្យកត់សំគាល់ ដែលតម្រូវឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍បង្កើនការយកចិត្តទុក ដាក់ខ្ពស់ ថែមទៀតក្នុងការការពារខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈសង្គម និងបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន ការជួញដូរ-រត់ពន្ធមនុស្ស ឬបទល្មើសផ្សេងៗទៀត ជាចាំបាច់។ក្នុងន័យនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍មិនផ្ដល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើ ដំណើរចូល ឬមិនបន្តទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសជាតិសាសន៍ ណាមួយឡើយ។ ទាំងនេះ គឺជាការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ជាប្រក្រតីប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ មិនមែនជាការដាក់ចេញនូវវិធានការរឹតបន្តឹងថ្មីនោះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
