ខេត្តតាកែវ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមផ្លូវឆ្ពោះទៅខេត្តភាគនិរតី បានបន្តឆៀងចូលសួរសុខទុក្ខ និងពិនិត្យមើលជីវភាពការងារជាក់ស្ដែងរបស់បងប្អូនមន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ស្ថិតនៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមកដល់ក្នុងពេលបងប្អូនយើងកំពុងមមាញឹកបំពេញភារកិច្ច នៅតាមបណ្ដាគោលដៅនានា ក្នុងភូមិទាំង៨ នៃឃុំសូរភី កាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៦។ស្ថិតនៅតំបន់ប្រជុំជនជាប់ផ្លូវជាតិលេខ៣ ឃុំសូរភីមានប្រជាជនប្រមាណ១ម៉ឺននាក់ មានបន្ទប់ជួលកំពុងទទួលការស្នាក់នៅប្រមាណ១ពាន់បន្ទប់ និងមានរោងចក្រ-សហគ្រាសចំនួន១៥កន្លែង។ ក្រៅពីភាពជាក់ស្ដែងនៅកន្លែងបំពេញការងារដែលមន្ត្រីយើងត្រូវប្រចាំការយប់-ថ្ងៃ នៅទីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលការចែករំលែកបទពិសោធការងារជាក់ស្ដែងមួយចំនួន ពិសេសការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋតាមច្បាប់កំណត់។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ប្រមូលបានសំណូមពរ និងការចូលរួមបញ្ចេញទស្សនយោបល់ល្អៗពីមន្ត្រីយើងដើម្បីកែលម្អការងារអាទិភាពចំពោះមុខក្នុងគោលដៅអភិវឌ្ឍប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងការងារដែលថ្នាក់ដឹកនាំសម្រេច និងប្រគល់ឱ្យថ្នាក់ក្រោមអនុវត្ត ក៏ដូចការងារដែលបងប្អូនថ្នាក់ក្រោមបានជួបប្រទះ ក្រោមបន្ទាត់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ និងមានជំនឿចិត្តលើការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ហើយមន្ត្រីក៏មានមោទកភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងជីវភាពការងារ។សូមជូនពរលោកនាយប៉ុស្តិ៍ នាយរង និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី មានសុខភាពល្អ និងទទួលបានជោគជ័យ ពិសេសក្នុងភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏សូមផ្ញើការជូនពរ និងលើកទឹកចិត្ត ជូនមេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សា ស្មៀន មេភូមិ អនុភូមិ មន្ត្រីកិច្ចសន្យា និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋឃុំសូរភីទាំងមូលមានសុខភាពល្អ និងជោគជ័យដូចៗគ្នាដែរ៕
















