បន្ទាយមានជ័យ:បើយោងតាមផេកផ្លូវការណ៍របស់នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ និងអធិការដ្ឋានក្រុង-ស្រុក បានបើកកិច្ចប្រតិបត្តិការពង្រឹងការយាមល្បាត និងប្រចាំការ២៤ម៉ោង ដើម្បីត្រៀមខ្លួនជាស្រេចចេញអន្តរាគមន៍កម្ទេច និងបោសសម្អាតរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ព្រមទាំងក្រុមក្មេងទំនើងដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងសង្គម ខណៈគុណភាពនៃការផ្តល់សេវាសាធារណៈក៏ត្រូវបានជំរុញឱ្យកាន់តែលឿនរហ័ស និងមានតម្លាភាពខ្ពស់។អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ប្រកបដោយចក្ខុវិស័យរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់ការគោរពវិន័យ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដោយគ្មានការយោគយល់។ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពមូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកទ្វារស្វាគមន៍ជានិច្ចចំពោះរាល់ព័ត៌មាន និងសំណូមពរបន្ទាន់ពីប្រជាពលរដ្ឋតាមរយៈលេខទូរសព្ទ Hotline: 0977780017 របស់វេនប្រចាំបញ្ជា ដែលត្រៀមខ្លួនអន្តរាគមន៍សង្គ្រោះគ្រប់ពេលវេលា៕
















