ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សតសម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ព និង ប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជាពិសេស៍ សម្តេចអគ្គមហាសេនាបតីតេជោ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្ដីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ខ្ញុំ ជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅ សមរភូមិជូរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្ត្រដែល បានជម្លៀសមកស្នាក់នៅទីសុវត្ថិភាព។ ខ្ញុំ បានតាមដានជាប្រចាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ខាងលើនេះ ។ខ្ញុំ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ។ខ្ញុំ សូមសម្ដែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់ វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ។ខ្ញុំ សូមប្រសិទ្ធពរជ័យ ជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ ។ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។

