PTH÷ក្នុងអំឡុងពេលមានភាពតានតឹងជាមួយកម្ពុជាជុំវិញជម្លោះព្រំដែន យោធាថៃ បានបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗជាពិសេសពាក់ព័ន្ធនឹងព្រំដែន ខណៈរដ្ឋាភិបាលស៊ីវិលប្រទេសមួយនេះ បានដើរតាមក្រុមយោធាប៉ុណ្ណោះ។ តើយោធាថៃ បានពង្រឹងអំណាចរបស់ខ្លួនបែបណានៅក្នុងប្រទេស ស្របពេលមានជម្លោះព្រំដែនជាមួយកម្ពុជា?ចាប់តាំងពីឆ្នាំ១៩៣២ ថៃមានរដ្ឋប្រហារយោធាជោគជ័យរហូតដល់ ១២លើក និងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើកផ្សេងទៀត។ តាមរបាយការណ៍របស់សភាអឺរ៉ុប ភាគច្រើនរដ្ឋប្រហារទាំងនោះ តែងត្រូវបានយោធាប្រើប្រាស់ហេតុផលស្តារសណ្តាបធ្នាប់ និងអស្ថិរភាពនៅក្នុងប្រទេសឡើងវិញ។ រដ្ឋប្រហារយោធាជាច្រើនលើកនៅថៃបែបនេះ បានបង្ហាញឱ្យឃើញថា ក្រុមយោធាមានឥទ្ធិពលដ៏ខ្លាំង ដ្បិតតែងតែធ្វើអន្តរាគមន៍ក្នុងកិច្ចការប្រទេស។ ក្នុងអំឡុងពេលជម្លោះព្រំដែនជាមួយកម្ពុជា ដែលថៃជាអ្នកឈ្លានពាន យោធាថៃ បានពង្រឹងអំណាចថែមទៀត ហើយបានដាក់ខេត្តរបស់ខ្លួនជាប់ព្រំដែនជាមួយកម្ពុជា ក្រោមច្បាប់អាជ្ញាសឹក។ ត្រង់ចំណុចនេះ យោធាថៃ អាចបិទបើកព្រំដែន និងមានអំណាចពេញទីលើការធ្វើសេចក្តីសម្រេចផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋាភិបាលស៊ីវិលឡើយ។ ស្របពេលជម្លោះនេះ យោធាថៃ បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួនឱ្យខ្ពស់ជាងរដ្ឋាភិបាលថៃ តាមរយៈយុទ្ធនាការផ្សេងៗ ដូចជាស្រង់មតិ ឬតាមបណ្តាសង្គមជាដើម ដើម្បីយកមុខមាត់ឱ្យលើសពីរដ្ឋាភិបាលស៊ីវិល និងទទួលបានការគាំទ្រពីប្រជាជន។ សូម្បីតែសារព័ត៌មានក្នុងស្រុករបស់ថៃ ក៏បានអំពាវនាវឱ្យប្រជាជនគាំទ្រយោធារបស់ថៃផងដែរ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលប្រជាជនកម្ពុជាច្រៀងចម្រៀងជាតិនៅតំបន់ព្រំដែន យោធាថៃ មិនបានពិភាក្សាជាមួយរដ្ឋាភិបាលស៊ីវិលរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ លោក Boonsin Padklang មេបញ្ជាការភូមិភាគ២របស់ថៃ បានដាក់ការតវ៉ាជាផ្លូវការជាមួយកម្ពុជា ដោយមិនឆ្លងកាត់ការពិភាក្សាពីរដ្ឋាភិបាលស៊ីវិល។ លោក Boonsin Padklang ជាមេដឹកនាំយោធាដ៏មានអំណាចម្នាក់ ដ្បិតមេបញ្ជាការរូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោក។ មេទ័ពថៃទាំងពីរសុទ្ធតែបញ្ចប់នៅសាលាយោធា Armed Forces Academies Preparatory School (AFAPS) ក្នុងជំនាន់ទី២៦ ដូចគ្នា។ ក្រោយការឈ្លានពានលើអធិបតេយ្យ និងសម្លាប់ទាហានកម្ពុជាម្នាក់ នៅថ្ងៃទី២៨ ខែឧសភា លោក Boonsin បានប្រកាសថា លោកទទួលស្គាល់តែផែនទីរបស់នាយកដ្ឋាន Royal Thai Survey Department ប៉ុណ្ណោះ ហើយមិនទទួលស្គាល់ផែនទីប្រើក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) រវាងកម្ពុជាថៃទេ បើទោះរដ្ឋាភិបាលថៃ អំពាវនាវឱ្យកាត់បន្ថយភាពតានតឹង។ សូម្បីទាហានថៃម្នាក់ ដែលបានជាន់មីន ក្នុងថ្ងៃទី១៦ ខែកក្កដា លោក Boonsin បានព្រមានសងសឹកកម្ពុជា ដោយមិនរង់ចាំពីរដ្ឋាភិបាលថៃ ស្របពេលមេទ័ពជើងគោក លោក Pana បានគាំទ្រលោក Boonsin ពេញទំហឹង។ ក្រោយទាហានរបស់ខ្លួនជាន់មីនជាថ្មីនៅថ្ងៃទី២៣ ខែកក្កដា យោធាថៃ បានប្រកាសបិទព្រំដែន ហើយរាយបន្លាលួសនៅប្រាសាទតាមាន់ធំ ក្រោមអំណាចរបស់ខ្លួន។ រហូតដល់ការឈ្លានពាន និងបាញ់ប្រហារលើកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា យោធាថៃ បានដើរតួនាទី និងគ្រប់គ្រងអំណាចពេញទីលើជម្លោះព្រំដែន ខណៈរដ្ឋាភិបាលស៊ីវិល បានត្រឹមជាតួអង្គរងប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ១៩៥៨ មក ក្រុមយោធា តែងពង្រឹងអំណាច តាមរយៈសាលាយោធា the Armed Forces Academies Preparatory School (AFAPS) ដែលត្រូវបែងចែកជាកម្លាំងកងទ័ពថ្មើរជើង, កងទ័ពអាកាស និងជើងទឹកជាដើម។ នៅក្នុងសាលាយោធា the Armed Forces Academies Preparatory School (AFAPS) លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ជា សិស្សជំនាន់ទី១០ ខណៈលោក Prawit Wongsuwan ជាសិស្សជំនាន់ទី៦ ហើយលោកប្រាយុទ្ធ ចន្ទអូចា ជាសិស្សជំនាន់១២។ នៅក្នុងពេលបច្ចុប្បន្ន លោក Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោក ជាសិស្សជំនាន់ទី២៦ ហើយលោក Boonsin Padklang ក៏ជាសិស្សនៅជំនាន់ ២៦នេះ ដែរ។ លោក Boonsin ដែលជាមេបញ្ជាការភូមិភាគ២ នឹងចូលនិវត្តន៍ក្នុងខែកញ្ញានេះ ហើយបេក្ខជនដែលមានសក្ខានុពេល គឺ ឧត្តមសេនីយ៍ទោ Veerayuth Raksilp ដ្បិតលោកក៏ជាសិស្សជំនាន់ទី២៦ ដូចលោក Pana និងលោក Boonsin ដែរ។ លទ្ធភាពនៃការជ្រើសលោក Veerayuth Raksilp ជាមេបញ្ជាការភូមិភាគ២ គឺដើម្បីធ្វើឱ្យលោក Pana កាន់តែមានអំណាចនៅក្នុងជួរយោធា។ បន្ថែមពីនេះ យោធាថៃ បានពង្រឹងអំណាចតាមរយៈអង្គភាពរបស់ខ្លួន។ នៅក្នុងអត្ថបទមួយរបស់លោក Paul Chambers ដែលជាអ្នកជំនាញយោធាថៃចេញផ្សាយនៅក្នុងឆ្នាំ២០២៤ ក្រុមយោធាថៃ បែងចែកជាបក្សពួកដូចជា ក្រុមអាវកក្រហម (Kho Daeng), ក្រុម Wongthewan, ក្រុម Burapha Phayak និងក្រុម Sua Dam ឬក្រុមខ្លាខ្មៅជាដើម។ ក្រុមអាវកក្រហម (Kho Daeng) ត្រូវបានមហាក្សត្រថៃ Vajiralongkorn បង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដើម្បីពង្រឹងអំណាចរបស់ខ្លួន និងបង្រួបបង្រួមមេបញ្ជាការយោធាផ្សេងទៀត ដូចជា Wongthewan និង Burapha Phayak ជាដើម។ ដើម្បីចូលក្រុមអាវកក្រហម យោធាតែងទទួលបានលិខិតអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាល ៩០៤ រយៈពេល៣ខែ។យោធាថៃ ដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះប៉ុណ្ណោះ ទើបអាចមានសិទ្ធិក្លាយជាមេបញ្ជាការ និងស្នាក់ការកណ្តាលកងភូមិន្ទថៃ។ ក្នុងពេលបច្ចុប្បន្ន លោក Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោក ក៏ជាសមាជិកក្រុមអាវកក្រហមនេះដែរ។ ក្រុម Wongthewan ចេញពីកងពលថ្មើរជើងលេខ១ ដែលស្ថិតក្រោមយោធាភូមិភាគ១របស់ថៃ និងអង្គភាពកងអង្គរក្សរបស់ស្តេចថៃ។ មហាក្សត្រថៃ Vajiralongkorn បានផ្តល់តម្លៃដល់ក្រុម Wongthewan យ៉ាងខ្លាំង ដ្បិតទ្រង់ក៏ធ្លាប់ជាសមាជិកក្រុមនេះដែរ។ ចំណែកក្រុមមួយទៀតគឺ Burapha Phayak ឬក្រុមខ្លាខាងកើត ជាយោធាចេញពីក្រុមថ្មើរជើងលេខពីរ ហើយក៏ស្ថិតនៅក្រោមយោធាភូមិភាគ១។ កងកម្លាំងមួយនេះ ជាកងអង្គរក្សរបស់មហាក្សត្រី Sirikit។ លោក ប្រាយុទ្ធ ចន្ទអូចា អតីតមេបញ្ជាការកងទ័ពជើងគោក និងជាអតីតនាយករដ្ឋមន្រ្តី, លោក Prawit Wongsuwon អតីតឧបនាយករដ្ឋមន្រ្តីថៃ ក៏ស្ថិតនៅក្នុងក្រុមនេះដែរ៕ ដោយ៖ លោក ធៀន ភារិន្ទ
