(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជាលទ្ធផល នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម មុន្នីរ៉ា អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានធ្វើការបង្ក្រាបជាក់ស្តែងករណី “រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចផ្លូវបេតុង កៀនធនាគារ FTB ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភា សារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ដកហូតក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០១កញ្ចប់ថង់។បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
