PTH÷ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង ជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដេនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាសណ ៨៥រូប។ សូមជម្រាបជូនថា ខេត្តស្វាយរៀង គឺជាខេត្តគោលដៅចុងក្រោយ (ខេត្តគោលដៅទី៨) នៃក្រុមការងារអន្តរក្រសួងត្រូវចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាល បន្ទាប់ពី ទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឯកភាពចាត់ឱ្យមានក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព និងបញ្ហាប្រឈមការផ្តល់សេវារដ្ឋបាលជាក់ស្តែង និងប្រមូលរាល់មតិយោបល់ សំណូមពរនានា ដើម្បីរួមគ្នាដាក់ចេញនូវវិធានការគន្លឹះៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕













