PTH÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មានន័យថានយោបាយ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា។ ការជំរុញរបស់សម្ដេចបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានចប់បេសកកម្មជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងឡាវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានចាត់ទុកប្រទេសកម្ពុជាគឺជាផ្ទះទី២ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេល៤ ឆ្នាំកន្លងទៅនេះ ឯកឧត្តមមានអនុស្សាវរីយ៍ជាច្រើនជាមួយប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាពិសេសក្នុងពេលឯកឧត្តមបំពេញបេសកកម្មនេះ បានពង្រីកទំនាក់ទំនងកម្ពុជា និងឡាវឱ្យមានភាពរីកចម្រើន ល្អប្រសើរ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ ហើយពេញចិត្តនឹងអ្វីដែលឯកឧត្តមបានលើកឡើងនៅពេលនេះ ជាពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕





