PTH÷ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។ពិធីនេះក៏មានការចូលរួមពីឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានរំលឹកពីសាវតានៃប្រព័ន្ធចុះមូលដ្ឋានរបស់កម្ពុជា ដែលកើតឡើងក្រោយឆ្នាំ១៩៧៩។ គ្រានោះកម្ពុជាបានចាប់ផ្ដើមមានប្រព័ន្ធចុះមូលដ្ឋាន ដោយបានចាត់មន្ត្រីជាន់ខ្ពស់២រូប ទៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាពីប្រព័ន្ធចុះមូលដ្ឋានរបស់គេ កាលពីឆ្នាំ១៩៩១។ ឯកឧត្ដមបានបន្តថា ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន យើងមានប្រព័ន្ធចុះមូលដ្ឋានច្បាស់លាស់ តែមានលក្ខណៈពិសេសបន្ដិច គឺការចុះមូលដ្ឋានដើម្បីមកសិក្សារៀនសូត្រ ក្នុងគោលដៅស្វែងយល់បន្ថែមពីបរិបថប្រទេសរបស់យើង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូច្នេះថា៖ «ខ្ញុំបានណែនាំមន្ត្រីរបស់យើងថា ការចុះមូលដ្ឋានមិនមែនទៅប្រជុំទេ ហើយចុះមូលដ្ឋានក៏ត្រូវថ្លឹងពីសមិទ្ធផលរួមរបស់សង្គមជាតិ និងសមិទ្ធផលដែលទាក់ទងនឹងក្រពះរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជាក់ស្ដែង។ អ៊ីចឹងយើងត្រូវមានយុទ្ធសាស្ត្ររបស់យើង ក្នុងការចុះមូលដ្ឋាន ហើយបើយើងមិនចុះមូលដ្ឋានទេ គឺមិនស្គាល់ស្រុកទេសរបស់យើងឡើយ»។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះមូលដ្ឋាន ការដែលបានទៅឃើញផ្ទាល់ ជួបផ្ទាល់ ដឹងផ្ទាល់ ស្វែងយល់ពីបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះ ទើបយើងអាចរកនូវដំណោះស្រាយរួមមួយសម្រាប់ពួកគាត់៕
















