PTH÷ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមវេទិកាជាតិលើកទី៣ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមប្រធានបទការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួង ដនស, សហការរៀបចំដោយធនាគាពិភពលោក អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការ UN-HABITAT ដោយមានអ្នកចូលរួមជាច្រើន ពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងបណ្ដាស្ថាប័នវិស័យឯកជនជាដើម។ នៅក្នុងវេទិកានេះដែរ ឯកឧត្តម សួស ប្រាថ្នា ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទស្ដីពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារនគរូបនីយកម្មប្រកបដោយចីរភាពនៅកម្ពុជា។ ក្នុងបទអន្តរាគមន៍នេះ ឯកឧត្តម បានលើកយកខ្លឹមសារសំខាន់ៗ មានជាអាទិ៍ ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, សារៈសំខាន់នៃរៀបចំផែនការរូបវន្ត, តួនាទីសំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមចម្បងៗ និងសំណូមពរ ដើម្បីចែករំលែកជូនដល់អង្គវេទិកាទាំងមូលបានយល់ដឹង និងជាធាតុចូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តក្នុងការរៀបចំទីក្រុង និងនគរូបនីយកម្ម ប្រកបដោយចីរភាព៕












