ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ ជារួម នៅទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ វត្តអារាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការ ទៅដោយរលូន និង មានសុវត្ថិភាព។
ការកោតសរសើររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានឲ្យដឹងថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមានភាពល្អប្រសើរ និងពុំមាន ហេតុការណ៍អ្វីមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងភ្ញៀវទេសចរ អន្តរជាតិ បានអបអរសាទរ ចំពោះពិធីបុណ្យចូលឆ្នាំថ្មីនេះយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ក្រោមកិច្ចសហការរបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី ធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានបង្កលក្ខណៈងាយស្រួល ដល់ជនគ្រប់រូប ក្នុងការធ្វើដំណើរទៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងទៅ កម្សាន្តសប្បាយនៅតាម តំបន់ទេសចរណ៍ រមណីយដ្ឋាន វត្តអារាម ក៏ដូចជាគោលដៅប្រារព្ធពិធីសង្ក្រាន្ត នានា ដែលបានរៀបចំឡើងដោយអាជ្ញាធរមូលដ្ឋាន។
សូមជម្រាបជូនថា គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ មានភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង (ប្តូរវេន) នៅនាយកដ្ឋានអង្គរក្ស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍ នៅទូទាំងប្រទេស រួមទាំងសភាពការណ៍ជាយថាហេតុ សម្រាប់ ព្រឹត្តការណ៍នគរសង្រ្កាន្ត៕







